Portfolio Detail

តើគួររកស៊ីតាមគ្រួសារ ឬ ក្លាយជាសហគ្រិន?

ធ្លាប់ទេ នៅពេលដែលគ្រួសារចង់ឲ្យបន្តមុខរបរ ហើយតម្រូវឲ្យធ្វើតាមទម្លាប់រកស៊ីដែលពួកគាត់ធ្វើ? ប៉ុន្តែខណៈនោះ អ្នកចង់មានជំនួញខ្លួនឯង ប៉ុន្តែចង់ផ្លាស់ប្តូរទៅជារបៀបថ្មីដែលអ្នកជឿថានឹងមានលទ្ធផលល្អជាងនេះ។ បើបែបនេះមែន អ្នកត្រូវបានរាប់ចូលក្នុងមនុស្សមួយក្រុមដែលមានផ្នត់គំនិតបែបសហគ្រិនភាព។

តាមពិតទៅ និយមន័យនៃពាក្យ អ្នករកស៊ី និងសហគ្រិនគឺខុសគ្នា ប៉ុន្តែមនុស្សមួយចំនួនយល់ថាពាក្យទាំងពីរនេះគឺដូចគ្នា ដោយផ្អែកទៅលើរូបភាពនៃការលក់ទំនិញឬសេវាកម្មរបស់ពួកគេ។ផ្នត់គំនិតរបស់សហគ្រិនគឺជា អ្នកបង្កើត និងអ្នកផ្លាស់ប្តូរ មិនមែនជាអ្នកដើរតាមអ្នកដទៃនោះទេ។

ខុសពីអ្នករកស៊ីដែលនៅពេលឃើញថា ទំនិញឬសេវាកម្មណាមួយដែលកំពុងមានតម្រូវការ និងបានចំណេញច្រើន ពួកគេនឹងចាប់ផ្តើមលក់ទំនិញឬសេវាកម្មដែលមានស្រាប់នោះភ្លាម។ ដូច្នេះហើយ បើនិយាយពីការធ្វើទីផ្សាសម្រាប់សហគ្រិនរាងពិបាកជាង ព្រោះវាជាផលិតផលឬសេវាកម្មថ្មីដែលទាមទាពេលយូរគួរសមដើម្បីចូលទីផ្សាបានទូលំទូលាយ។

ប៉ុន្តែបើ និយាយពីការប្រកួតប្រជែងវិញ គឺសហគ្រិនភាពមានចំណុចវិជ្ជមានច្រើនជាង ព្រោះផលិតផលទាំងនោះមិនមែនមានស្រាប់ៗ ដូចដែលការរកស៊ីទូទៅនោះទេ។ សហគ្រិនប្រកួតប្រជែងលើគុណតម្លៃ (Value) មិនមែនលើតម្លៃ (Price) នោះទេ។ ការរកស៊ីគឺផ្តោតសំខាន់ទៅលើប្រាក់ចំណេញ។ នេះមិនបានន័យថា សហគ្រិនមិនគិតពីភាពមានបាននោះទេ គ្រាន់តែថាសហគ្រិនផ្តោតលើអតិថិជនជាគោល។ ហេតុដូចនេះហើយ វាអាចចំណាយពេលយូរ ទម្រាំឲ្យអ្នកទទួលបានប្រាក់ចំណេញ ។

អ្នកអាចមើល Bill Gates Larry Page Steve Jobs ជាឧទាហរណ៍ ថាតើពួកគាត់ចំណាយពេលយូរប៉ុណ្ណាទម្រាំជោគជ័យ អញ្ចឹងហើយ វាទាមទាឲ្យអ្នកមានភាពអត់ធ្មត់ និងព្យាយាមខ្ពស់។លើសពីនេះទៅទៀត អាចនិយាយបានថា សហគ្រិនប្រឈមនឹងភាពប្រថុយប្រថានច្រើនជាងអ្នករកស៊ី មានជាអាទិ៍ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ទីផ្សា និងកត្តាបរិស្ថានផ្សេងៗទៀត។ ប៉ុន្តែចំពោះសហគ្រិន អ្នកត្រូវមានស្មារតីរឹងមាំទប់ទល់នឹងការផ្លាស់ប្តូរ។

បើនៅក្នុងការវិភាគសេដ្ឋកិច្ច គេបានលើកឡើងថា សហគ្រិនភាពចូលរួចចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងខ្លាំង។ ជាក់ស្តែង ដូចនៅកម្ពុជាយើងបច្ចុប្បន្ន ក៏មានសន្ទុះ Startup ក៏ដូចជា program និង ស្ថាប័នផ្សេងៗជាច្រើនដែលជម្រុញនឹងលើកទឹកចិត្តសហគ្រិនគ្រប់រូប។គ្រប់យ៉ាងត្រូវតែចូលមកទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ដូច្នេះហើយ ដើម្បីឲ្យសម្រេចចិត្តឲ្យបានត្រឹមត្រូវ កត្តាសំខាន់អ្នកគួរស្វែងយល់ពីផ្នត់គំនិតរបស់ខ្លួនឯងសិន ថាតើអ្នកជា អ្នកបង្កើត (creator) ឬក៏ជាអ្នកដើរតាម (follower)? តើអ្នកក្លាហានចេញពី comfort zone ដើម្បីប្រឈមនឹងឧបសគ្គ និងហានិភ័យឬនៅ? បើអ្នកត្រៀមចិត្តរួចរាល់ហើយ ស្វាគមន៍មកកាន់ ដំណើរផ្សងព្រេងដ៏រំភើប៕