Portfolio Detail

សម្រាប់អាជីវកម្មតូច តើពេលណាគួរជួលបុគ្គលិកបន្ថែម?

អាជីវកម្មអាចផ្តួចផ្តើមឡើងដោយម្ចាស់តែម្នាក់ឯង ឬច្រើននាក់។ ហើយជំនាញឬបទពិសោធន៍ដែលត្រូវការ វាអាស្រ័យទៅលើប្រភេទនៃទំនិញឬសេវាកម្មនៃអាជីវកម្មនោះដែរ។ សម្រាប់ម្ចាស់អាជីវកម្មដែលមានគ្នាច្រើន យើងត្រូវមានសមាជិកដែលមានជំនាញផ្សេងៗគ្នា និងបែងចែកតួនាទីដាច់ដោយឡែកដើម្បីជួយគ្នា ព្រោះមនុស្សម្នាក់មិនស្ទាត់ជំនាញគ្រប់មុខនោះទេ។ ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ ទទួលស្គាល់ថាយើងមានឆន្ទៈខ្ពស់ក្នុងការរៀនចំណេះជំនាញថ្មីដែលអ្នកមិនធ្លាប់ពីមុនមក ប៉ុន្តែនៅពេលដែលទំហំនៃការងារកាន់តែធំទៅ យើងប្រហែលជាចាប់ផ្តើមសួរខ្លួនឯងថា តើគួរតែដល់ពេលជួលបុគ្គលិកឬនៅ?

យើងដឹងហើយថា អាជីវកម្មទំហំតូចអាចមិនទាន់មានចំណូលនោះទេ ឬមានតិច ដូច្នេះបើជួលបុគ្គលិកមក យើងត្រូវពិចារណាឲ្យបានល្អិតល្អន់ ព្រោះបើជួលត្រូវ មុខរបរយើងក៏នឹងរីកចម្រើន តែបើផ្ទុយពីនោះ ប្រៀបដូចជាយកដុំថ្មមកចងលើខ្លួនអញ្ចឹង។ បុគ្គលិកខុសពីស្ថាបនិក ព្រោះបុគ្គលិកមិនបានមានចក្ខុវិស័យដូចស្ថាបនិកនោះទេ ដូច្នេះហើយទើបមានស្ថាបនិកដែលជោគជ័យមួយចំនួនណែនាំថា បើអាចគួរតែយបន្ថែមចំនួនស្ថាបនិកវិញ ក្នុងករណីដែលស្ថាបនិកនោះមានលក្ខណៈសម្បត្តិដូចដែលយើងកំពុងចង់បាន។

មុននឹងចង់ជួលបុគ្គលិក ត្រូវចោទជាសំណួរសិន តើវត្តមានរបស់បុគ្គលិកនោះនឹងមកជួយបង្កើនប្រាក់ចំណូលដែរឬទេឧទាហរណ៍៖ ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន។ ដូច្នេះ ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើងពឹងផ្អែកលើការដឹកឥវ៉ាន់ឲ្យភ្ញៀវឲ្យទាន់ពេលវេលា អញ្ចឹងបុគ្គលិកដែលជួយរកចំណូលឲ្យអ្នកបានគឺបុគ្គលិកដឹកជញ្ជូន មិនមែនយើងសុខៗទៅជួល graphic designer មកនោះទេ។

មួយវិញទៀត ប្រសិនបើខ្វះអ្នកជួយការងារមែន ត្រូវសិក្សាថាតើជំនាញអ្វីពិតប្រាកដដែលយើងកំពុងត្រូវការ។ ពេលខ្លះនៅពេលដែលយើងធ្វើការងារច្រើនតែម្នាក់ឯង យើងក៏មានអារម្មណ៍ថាហត់ហើយចង់អ្នកជួយសម្រាលការងារ ប៉ុន្តែមិនបានផ្តោតសំខាន់ទេថាត្រូវការបុគ្គលិកជំនាញផ្នែកអី។ ឧទាហរណ៍ថា នៅពេលយើងធ្វើការយូរទៅ ចាប់ផ្តើមយល់ថាយើងចំណាយពេលច្រើនដើម្បីធ្វើទីផ្សារលើបណ្តាញសង្គម អញ្ចឹងយើងត្រូវការអ្នកជំនាញម្នាក់មកជួយ ប៉ុន្តែយើងមិនបានកំណត់ឲ្យច្បាស់ទេថាតើ ត្រូវការជំនាញណា។ digital marketer? content creator? graphic designer? –។ ហេតុដូចនេះហើយ យើងត្រូវតែច្បាស់លាស់ពីជំនាញណាមួយដែលពិតជាចាំបាច់។

ប្រសិនយើងនៅមិនទាន់ច្បាស់ថាគួរជួលឬមិនជួលនោះទេ យើងអាចសាកល្បងជួល freelancer សាកមើល ព្រោះវាអាចចំណាយតិច ហើយធ្វើឲ្យយើងតេស្តដឹងពីកម្រិតនៃការរីកចម្រើនការងារ។ មួយវិញទៀត ប្រសិន freelancer នោះបំពេញការងារបានល្អ អ្នកក៏អាចសាកល្បងហៅពួកគេធ្វើពេញម៉ោងតែម្តងក៏បាន៕